សណ្ដែកបារាំងមានប្រយោជន៍ហួសពីការស្មាន
ពេលខ្លះមនុស្សយើងមើលរំលងរបស់តូចតាចដែលមើលទៅគ្មានតម្លៃប៉ុន្តែមិនដឹងថា របស់នោះមានប្រយោជន៍ច្រើន ដែលយើងនឹកស្មានមិនដល់ ដូចជាឱសថបុរាណដែលមានឈ្មោះថា សណ្ដែកបារាំងឬឈ្មោះហៅតាមវិទ្យាសាស្រ្ដថា (Cajanusindicus spreng ។ វាមានលក្ខណៈជា ប្រភេទ រុក្ខជាតិដុះជាគម្ពោតស្រស់ស្អាត ដើមរបស់វាមានកម្ពស់ប្រមាណ ១-៤ ម៉ែត្រ ។ ចំណែកឯសម្បកដើមរបស់វាវិញរលីងហើយមានពណ៌ស្រអាប់ស្លឹក វាមានលក្ខណៈស្រដៀងនឹងស្លឹករមៀត ស្លឹកបំណែកនិងបែកចេញមកតាមដើម ឬ តាមមែកប្រមាណ ៣ សន្លឹក មានបណ្ដោយប្រមាណ ៣-៨ សង់ទី ម៉ែត្រទទឹងប្រមាណ ១,២-៣សង់ទីម៉ែត្រចេញផ្កាពណ៌លឿងចង្កោមផ្កាស្រដៀងនឹងផ្កាស្នោ។ចំណែកឯផ្លែរបស់វាវិញតូចៗ ហើយមានរោមផ្លែវាមាន លក្ខណៈស្រដៀងនឹងផ្លែសណ្ដែសៀង ផ្លែវាមួយផ្លែៗចែកចេញជាកង់ៗប្រមាណ ៣-៤ កង់ ខាងក្នុងមានគ្រាប់ក្នុង ១កង់មានគ្រាប់មួយគ្រាប់គ្រាប់វា មានលក្ខណៈរាងមូល ឬ រាងសំប៉ែតបន្តិច មានពណ៌លឿងស និង ក្រហម មានទំហំប៉ុនគ្រាប់សណ្ដែកខៀវ។តើរុក្ខជាតិប្រភេទនេះ អាចចាត់ចូលទៅ ក្នុងរុក្ខជាតិឱសថបុរាណដែរឬទេ?យើងអាចឆ្លើយភ្លាមថា ទោះបីជាសណ្ដែកបារាំងត្រូវបានមនុស្សមួយភាគធំចាត់ទុកថា ជាបន្លែទទួលទាន ប៉ុន្តែប្រ យោជន៍របស់វា គឺអាចយកមកប្រើធ្វើជាថ្នាំបានទាំងឬស និង គ្រាប់ ដោយប្រើធ្វើជាថ្នាំបញ្ចុះទឹកនោមព្យាបាលទឹកនោមលឿង និងក្រហមដូចពណ៌ រមៀត ឬ ទឹកនោមចេញតិច។ ចំណែកឯវិធីធ្វើ គឺត្រូវយកឬស និងគ្រាប់ទៅបបរស្ករញ៉ាំដូចបបរសណ្ដែកខៀវឬក៏យកទៅស្ងោរហើយជ្រលក់អំបិល ញ៉ាំធម្មតាក៏បាន។ ក្រៅពីនេះគេថែមទាំងអាចយកវាទៅឆា ឬ ដាំធ្វើសម្លបានជាម្ហូបរួមផ្សំនឹងម្ហូបប្រចាំថ្ងៃរបស់មេផ្ទះដ៏ល្អទៀតផង៕ ដកស្រង់ ទស្សនាវដ្ដី ប្រជាប្រិយលេខ ៣២៤ ១១-២០ កញ្ញា ២០០៥

មតិយោបល់